Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

លោកជំទាវអភិបាលខេត្តប៉ៃលិន បន្តជួយសង្គ្រោះបុរសជាពលករម្នាក់ ដែលសង្ស័យកើតជំងឺគ្រុនឈិក ឬគ្រុនឈាម តែត្រូវខាងមន្ទីរពេទ្យប្រទេសថៃទុកចោលមិនព្យាបាល

ខេត្តប៉ៃលិន ៖ មានករណីបុរសជាពលករខ្មែរម្នាក់ ដែលបានឆ្លងដែនទៅស្នាក់នៅធ្វើការនៅក្នុងទឹកដីនៃប្រទេសថៃជាមួយនឹងក្រុមគ្រួសារ។ ស្រាប់តែក្រោយមកកើតមានបញ្ហាឈឺក្បាលវិលមុខ រាគរុស និងក្តៅខ្លួនខ្លាំង ដោយចេញកន្ទួលរមាសពេញដងខ្លួន ថែមទាំងភ្នែកឡើងក្រហម ធ្វើឱ្យខ្សោយហេវហត់អស់កម្លាំងកាន់តែខ្លាំងឡើងៗ លុះប្រពន្ធនាំយកទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យប្រទេសថៃ ត្រូវក្រុមគ្រូពេទ្យទុកចោលមិនយកចិត្តទុក ក៏ឮដំណឹងដល់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ទើបប្រញាប់ទាក់ទងទៅខាងភាគីថៃ ឱ្យប្រញាប់បញ្ជូនមកព្រំដែនកម្ពុជា ដោយចាត់ឱ្យក្រុមការងារធ្វើការសម្របសម្រួល ចាទទួលនិងប្រញាប់បញ្ជូនទៅព្យាបាលមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ហេតុការណ៍ពលករម្នាក់សង្ស័យមានជំងឺគ្រុនឈិក ឬគ្រុនឈាមនៅក្នុងទឹកដីប្រទេសថៃ បានកើតឡើងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ដោយត្រូវក្រុមការងារចាំទទួលនៅព្រំប្រទល់ ត្រង់ច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមប្រភពព័ត៌មានពីលោក សែត វិចិត្រ នាយករដ្ឋបាលសាលាខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ មានបុរសពលករម្នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ ធ្វើការស៊ីឈ្នួលបេះផ្លែឈើឱ្យថៅកែថៃម្នាក់ មានឈ្មោះ ស្កា ស៊ុ អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិដូង ឃុំរូងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ លោកបានបន្តទៀតថា តាមការសាកសួរពីក្រុមគ្រូពេទ្យប្រចាំការនៅច្រកទ្វារព្រំដែន បានបង្ហាញពីលទ្ធផលបឋមថា ជនរងគ្រោះចាប់ផ្តើមអស់កម្លាំង ឈឺក្បាល វិលមុខ រាគរុស ភ្នែកឡើងក្រហម ចេញកន្ទួលក្រហមពេញដងខ្លួន។ ទោះបីជាប្រពន្ធខិតខំទិញថ្នាំនៅក្នុងប្រទេសថៃយកមកឱ្យប្តីលេប ក៏មិនជាឡើយថែមទាំងកាន់តែធ្ងន់ធ្ងរឡើងៗ រហូតដល់ក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប្រទេសថៃ។ តែដោយសារកើតមានបញ្ហារវាងព្រំដែនប្រទេសថៃ ជាមួយនឹងប្រទេសកម្ពុជា រហូតឈានដល់បិទច្រកទ្វារព្រំដែនគ្រប់ទីកន្លែង ទើបពេលជនរងគ្រោះជនជាតិខ្មែរចូលទៅដេកសម្រាកព្យាបាល ស្រាប់តែគ្រូពេទ្យនៅទីនោះ មិនយកចិត្តទុកដាក់មើលនោះទេ។ លោកបញ្ជាក់បន្ថែមទៀតថា គ្រាន់តែទទួលដំណឹងនេះភ្លាម លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានទាក់ទងសម្របសម្រួល និងចាត់ឱ្យក្រុមការងារចាំទទួលជនរងគ្រោះនៅច្រកទ្វារ ដើម្បីប្រញាប់បញ្ជូនទៅព្យាបាលឱ្យទាន់ពេលវេលា។
សូមបញ្ជាក់ថា ជនរងគ្រោះធ្លាប់កើតជំងឺសរសៃប្រសាទ និងកើតជំងឺតេតាណុសអស់រយៈពេលជាយូរឆ្នាំមកហើយ ។ តែ បើតាមការសង្ស័យរបស់ក្រុមគ្រូពេទ្យប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ បានដាក់ការសង្ស័យថា អាចជាជំងឺគ្រុនឈាម ឬជំងឺគ្រុនឈិក ហើយអ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនទាន់ពេលវេលា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button